ស្រូវផ្ការំដួល
ស្រូវផ្ការំដួល ៖ ជាពូជស្រូវក្រអូប ដែលបានបញ្ចេញ និង ផ្សព្វផ្សាយឲ្យកសិករប្រើប្រាស់ ដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៅឆ្នាំ១៩៩៩ ហើយមកដល់បច្ចុប្បន្ននេះ ពូជស្រូវផ្ការំដួល កំពុងពេញនិយមប្រើប្រាស់ក្នុងផលិតកម្មស្រូវវស្សា ដោយកសិករនៅទូទាំងប្រទេស។ ពូជនេះមានទិន្នផលខ្ពស់ មានក្លិនក្រអូប មានគុណភាពអង្ករល្អមានភាពភ្លឺថ្លាវែងរលូន និងបាយទន់ ឆ្ងាញ់ពិសារ ជាពិសេសជាពូជមានប្រភេទអង្ករមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ជាតិ និងទីផ្សារអន្តរជាតិ។
ពូជផ្ការំដួល ជាប្រភេទពូជស្រូវកណ្ដាល ប្រកាន់រដូវ មធ្យមចាប់ចេញផ្កានៅពាក់កណ្តាលខែតុលា និងច្រូតកាត់ នៅពាក់កណ្តាលខែវិច្ឆិកា អាស្រ័យតាមអាកាសធាតុ និងពេលវេលាដាំដុះ។ ពូជនេះ មានកម្ពស់ដើមពី ១១០ស.ម ទៅ១៧០ស.ម ចំនួនដើមបែកផ្ដល់ផលពី ៥ ទៅ ១០ដើមក្នុង ១គុម្ព។ បើក្នុងលក្ខខណ្ឌដីមានជីជាតិល្អ និងអនុវត្តដាំដុះតាមប្រព័ន្ធប្រពល វប្បកម្មដំណាំស្រូវ ចំនួនដើមបែក ផ្ដល់ផលអាចមានទៅដល់ ១៤ ទៅ ១៨ ដើមក្នុង១គុម្ព។ ប្រវែងកូរមានពី២០ ទៅ ៣០ស.ម និងចំនួនគ្រាប់ក្នុង ១កូរ មានពី១១០ ទៅ ១៥០គ្រាប់។ ពូជផ្ការំដួល ជាប្រភេទពូជធន់នឹងការលិច ទឹកជំនន់បានល្អតែវាមិនសូវធន់នឹងមហិចត្នោតទេ ហើយមានទិន្នផលពី ៥.៥តោនក្នុង១ហិកតា។
0 Comments